ACU ស្នើ​ក្រសួងយុត្តិធម៌​ សហការ​បង្កើត​ក្រុមការងារ​បច្ចេកទេស​គ្រប់គ្រង ចាត់ចែង រឹប​អុស​ផល​បទល្មើស​

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី29 ខែធ្នូ ឆ្នាំ2020 ម៉ោង 6:05 នាទី ល្ងាច

​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​នេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ ឯកឧត្ដម ឱម យិនទៀង ថ្លែង​ថា នៅក្នុង​ជំនួប​នេះ គឺ​មាន​គោល​សំខាន់ ពិភាក្សា​ស្វែងរក​ការ​ឯកភាព ឈាន​ទៅ​រក​ការ​បង្កើត​ក្រុម​ការងា​របច្ចេកទេស​រួម ដើម្បី​សិក្សា និង​អនុវត្ត​បន្ត ការគ្រប់គ្រង ការចាត់ចែង និង​រឹប​អុស​ផល​បទល្មើស ជាពិសេស​បទល្មើស​សំអាត​ប្រាក់​។​


​ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ថ្លែងថា ការ​បង្កើត​ក្រុមការងារ​បច្ចេកទេស​រួមគ្នា​នេះ គឺ​នឹង​ជំរុញ​ឲ្យ​មាន​ការ​រៀប​ចំ​សេចក្តីព្រាងច្បាប់ ​ស្តីពី​ការចាត់ចែង​ជា​បណ្ដោះអាសន្ន នៃ​វត្ថុ​ចាប់យក ឬ​រៀបចំ​ក្របខ័ណ្ឌគតិយុត្តិ​ថ្មី​ទៀត និង​រៀបចំ​ជា​អនុក្រឹត្យ​សម្រាប់​ការងារ​ចាត់ចែង​ជា​បណ្ដោះអាសន្ន នូវ​វត្ថុ​ចាប់​យក និង​រៀបចំ​ចាត់ចែង​ផល​បទល្មើស ក៏ដូចជា​ពន្លឿន​ការ​រឹប​អុស តាម​អំណាច​សាលក្រម សាលដីកា​ស្ថាពរ ជាពិសេស​ផល​បទល្មើស​សំអាត​ប្រាក់​។​

​ក្នុង​ជំនួប​នេះ​ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្លែង​ថា គិត​មកដល់​ថ្ងៃនេះ ក្រសួងយុត្តិធម៌ បាន​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​កកស្ទះ​សំណុំរឿង​នៅ​តាម​បណ្តា​តុលាការ​រាជធានី​ខេត្ត បាន​ចំនួន​ជាង​២២២​ថ្ងៃ​មកហើយ ហើយ​ក៏មាន​តុលាការ​ដំបូង​ប្រមាណ​ជាង​ពាក់​កណ្តាល ​គឺ​បាន​ដោះស្រាយ និង​បាន​បិទ​បញ្ចប់​នូវ​យុទ្ធនាការ​នេះ ហើយក៏​មាន​ផល​បទល្មើស​ជាច្រើន​បាន​ដោះស្រាយ​ផងដែរ​។​

​ឯកឧត្ដម កើត រិ​ទ្ធ បន្តថា នៅ​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​នៅ​មិនទាន់មាន​ច្បាប់​មួយ​ដើម្បី​ធនា​ការគ្រប់គ្រង​លើ​វត្ថុតាង ឬ​វត្ថុ​រឹប​អុស ដែល​យើង​ត្រូវធ្វើ​ការរៀបចំ​បង្កើតឡើង ខណៈ​ការដោះស្រាយ​ផល​បទល្មើស​កន្លងមក គឺ​យើង​ពឹង​អាស្រ័យ​ច្បាប់​ពាក់ព័ន្ធ​នានា ជាពិសេស​ច្បាប់​គ្រឿងញៀន និង​ច្បាប់​ព្រៃឈើ​ជាដើម​ដែលមាន​ការរៀប​ចំការ​អនុវត្ត​ខុសៗ​គ្នា​។​

​ឯកឧត្ដម កើត រិ​ទ្ធ បន្ត​ថា ទោះយ៉ាងណា គ្រប់​ច្បាប់​ដែល​ដោះស្រាយ​ពាក់ព័ន្ធ​ផល​បទល្មើស​ដែល​ត្រូវ​រឹប​អុស​ទាំងអស់ គឺ​ស្ថិតក្នុង​ក្រមព្រហ្មទណ្ឌ ហើយ​ផល​បទល្មើស​រឹប​អុស​នោះ គឺ​ត្រូវ​ចាត់​ចូល​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម