សម្ដេច​តេ​ជោ ​ហ៊ុន សែន ប្រកាស​បិទ បញ្ចប់​ព្រឹត្តិការ​សហគមន៍ ២៨ វិច្ឆិកា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី29 ខែធ្នូ ឆ្នាំ2020 ម៉ោង 5:47 នាទី ល្ងាច

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅថ្ងៃនេះ បាន​ប្រកាស​បិទ បញ្ចប់​ព្រឹត្តិការ​សហគមន៍ ២៨ វិច្ឆិកា ​ដែល​ជា​ព្រឹត្តិការណ៍​ឆ្លង​រាលដាល​មេរោគ​កូ​វីដ​–១៩ នៅក្នុង​ សហគមន៍ ​ដែល​ការ​ប្រកាស​បិទ​នេះ ​បន្ទាប់ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​បន្តទៀត​យ៉ាង​មាន​ ប្រសិទ្ធភាព​របស់​មន្ត្រី​សុខាភិបាល ​អាជ្ញាធរ​ពាក់ព័ន្ធ ​និង​ប្រជាពលរដ្ឋ​កម្ពុជា​។

 

សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ​ខែធ្នូ​នេះ ​បាន​ថ្លែង​សារ​ពិសេស​ទៅកាន់​ជនរួមជាតិ ​ដែល ក្នុងសារ​នេះ​ សម្ដេច​តេ​ជោ ​បាន​បញ្ជាក់ថា​ បើទោះជា​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ​ត្រូវបាន​បិទ​បញ្ចប់ ​តែ​វិធានការ​ទប់ស្កាត់ ត្រូវតែ​បន្ត​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ព្រោះ ពុំមែន​មានន័យថា កូ​វីដ​–១៩ ឈប់​ឆ្លង​នោះទេ ។

សម្ដេច​តេ​ជោ ​បាន​ថ្លែង​កោតសរសើរ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ប្រកបដោយ​ជោគជ័យ ​ពី​សំ ណាក់​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និង​ភាគី​ពាក់ព័ន្ធ ​ដែល​មាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង ដែរ​។ សម្ដេច នៅ​ក៏​តែ​បន្ត​អំពាវនាវ​ឱ្យ​ពលករ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ​បន្ត​រស់នៅក្នុង​ប្រទេស​ថៃ​តទៅ ទៀត ចៀសវាង​ការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​កូ​វីដ​–១៩​។

ទោះជា​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​ដាក់​ចេញ​នូវ​វិធាន​ការ​សំខាន់ៗ ​មួយចំនួន​ជា​បន្តទៀត​ឱ្យ​ប្រជាពលរដ្ឋ ​អាជ្ញាធរ ​កងកម្លាំង​ប្រដាប់ ​អាវុធ បន្ត​ចូលរួម​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ ​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ការធ្វើ​ច​ត្តាឡី​ស័ក​ ឱ្យបាន​ត្រឹមត្រូវ​។ ​ជាមួយនឹង​ការប្រកាស​ឱ្យ​បើក​សាលារៀន​ឡើងវិញ សម្តេច​ ក៏បាន​ណែនាំ​ឲ្យ​រដ្ឋ មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​យកចិត្តទុកដាក់​គិតគូរ​រៀបចំ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិធានការ​ណែនាំ​រក្សា​គម្លាត​សុវត្ថិភាព ​និង​អនាម័យ ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​ដើម្បី​ទប់ស្កាត់​ការឆ្លង កូ​វីដ​–១៩​។ ​ការជួបជុំ​ណាមួយ​ទាំង​ស្ថាប័នរដ្ឋ អង្គការ​ក្រៅរដ្ឋាភិបាល​ វិស័យ​ឯកជន ​និង​បណ្ដា​គណបក្ស ​នយោបាយ ​បើ​មិនចាំបាច់ ​មិនត្រូវ​ធ្វើ​នោះទេ គឺត្រូវធ្វើ​ការ​តាមរយៈ​អន​ឡាញ​៕

 

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម