ដាក់​វិធានការ​តឹងរឹង​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ សាធារណៈដល់​ក្មេង​ទំនើង

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី29 ខែធ្នូ ឆ្នាំ2020 ម៉ោង 5:43 នាទី ល្ងាច

ភ្នំពេញ ៖ ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃទី​២៨​ ខែធ្នូ ឆ្នាំ​២០២០​នេះ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អនុវត្ត​ការងារ​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ដាក់ចេញ​នូវ​វិធាន​ការបង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​ក្មេង​ទំនើង ដែល​បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​សង្គម​។

 

ការប្រជុំ ​និង​ដាក់​វិធានការ​ថ្មី​នេះ ​គឺ​បន្ទាប់ពី​មាន ​ករណី​មាន​ក្មេង​ទំនើង​១​ក្រុម​គ្នា​១០​នាក់ ​កាលពី​យប់​ថ្ងៃទី​២៦​ខែធ្នូ​នេះ នៅ​ចំណុច​ផ្លូវ​សុធារស​ភូមិ​២ ​សង្កាត់​ចតុមុខ ​ខណ្ឌដូនពេញ រា​ជធានី​ភ្នំពេញ បាន​ធ្វើ​សកម្មភាព​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅលើ​ជនរងគ្រោះ​០២​នាក់​ ជិះ​ម៉ូតូ​០១​គ្រឿង​ឌុប​គ្នា ​បណ្តាលឱ្យ​រង​របួស​យ៉ាង​ធ្ងន់ ​និង​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​ ខណៈដែល​ជនរងគ្រោះ​គ្រាន់តែ​ជិះ​ម៉ូតូ​មើល​មុខ​ក្រុម​ជនសង្ស័យ​។ យ៉ាងណាក៏ដោយ​ក្រោយពី​ធ្វើ​សកម្មភាព​នោះ​ភ្លាមៗ​ ជនសង្ស័យ​២​នាក់ ​ត្រូវបាន​នគរបាល​ប៉ុស្ដិ៍​​រដ្ឋបាល​ចតុមុខ​បង្ក្រាប​ចាប់ខ្លួន​ ចំណែក​បក្ខពួក​៨​នាក់​ទៀត​រត់គេចខ្លួន ​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​​ជំរុញ​ឱ្យ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ទៅលើ​ការងារ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​ និង​ដាក់​បទបញ្ជា​ឱ្យមាន​ការទប់ស្កាត់​ក្មេង​ទំនើង​នេះ​ ឱ្យមាន​ប្រសិទ្ធភាព​បំផុត​។ក្នុងករណី​ក្មេង​ទំនើង​បង្ក​ជា​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​យក​ទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​គិតថា​ក្មេង​ទំនើង​នោះ​ជា​កូន​អ្នកណា​នោះឡើយ​។

ឯកឧត្តម អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​លោកស្នងការ​រង​ទទួល​ផែនការ​ងារ​សេនាធិការ​និង​លោកស្នងការ​រង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ ត្រូវ​ចុះ​តាមដាន​ត្រួតពិនិត្យ​ពង្រឹង​ការងារ​នៅ​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ​ស្តីពី​ការគ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​ឱ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​ការ​ធ្វើ​របាយការណ៍​ភូត កុហក​ពីមុខ​សញ្ញា​ក្មេង​ទំនើង​នេះ​។

ពាក់ព័ន្ធ​និង​វិធាន​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បើ​យោង​តាម​របាយ​ការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​រយៈពេល​០១​ឆ្នាំ ​គឺ​ឆ្នាំ​២០២០ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បង្ក្រាប​ក្មេង​ទំនើង​៦៨១​ករណី​ឃាត់ខ្លួន​១០៣៩​នាក់​ ក្នុងនោះ ​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​៥០៦​ករណី ​និង​ករណី​បង្ក​ការ​អុកឡុក​នៅក្នុង​មូលដ្ឋាន​១៧៣​ករណី​៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម